អ្នកដែលជួយយើងយ៉ាងស្ងាត់ស្ងៀម
ការរកឃើញថ្នាំពីនីស៊ីលីន(Penicillin) បានធ្វើឲ្យការព្យាបាលជម្ងឺមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ មុនឆ្នាំ ១៩៤០ ការកើតជម្ងឺឆ្លងបាក់តេរី ច្រើនតែនំាឲ្យបាត់បង់ជីវិត។ តែចាប់តាំងពីពេលដែលគេរកឃើញថ្នាំពីនីស៊ីលីនមក អ្នកជម្ងឺជាច្រើនរាប់មិនអស់ បានរួចជីវិត ដោយថ្នាំនេះបានសម្លាប់បាក់តេរីដ៏កាចសាហាវ ក្នុងខ្លួនពួកគេ។ ក្រុមអ្នកស្រាវជ្រាវដែលបានរកឃើញសក្តានុពលនៃថ្នាំនេះ ហើយបានផលិត សម្រាប់ការប្រើប្រាស់ទូទំាងពិភពលោក ក៏បានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ ១៩៤៥។
អស់រយៈពេលជាច្រើនសតវត្សរ៍ មុនពេលគេរកឃើញថ្នាំពីនីស៊ីលីន មានអ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់ដទៃទៀត ដែលកំពុងធ្វើការយ៉ាងសកម្ម ដោយសង្រ្គោះជីវិតមនុស្សដោយបំផ្លាញបាក់តេរីផងដែរ។ អ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់នេះ គឺជាកោសិកាឈាមស។ ព្រះទ្រង់បានប្រើពួកវាឲ្យធ្វើការយ៉ាងស្វិតស្វាញ ដើម្បីការពារយើងពីជម្ងឺទាំងឡាយ។ គ្មាននរណាដឹងថា ពួកវាបានបញ្ឈប់ការចូលលុកលុយរបស់ជម្ងឺប៉ុន្មាន ឬបានសង្រ្គោះជីវិតមនុស្សប៉ុន្មាននាក់ទេ។ កាលពីមុន គេមានការទទួលការទទួលស្គាល់ពួកវា តែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់គ្រប់ការល្អដែលពួកវាបានធ្វើ។
យ៉ាងណាមិញ មនុស្សក៏បានប្រព្រឹត្តចំពោះព្រះអម្ចាស់ ដូចនេះផងដែរ។ គេច្រើនតែស្តីបន្ទោសទ្រង់ ពេលដែលមានបញ្ហាអ្វីកើតឡើង តែគេកម្រសរសើរទ្រង់ សម្រាប់ការល្អដែលបានកើតឡើង។ ជារៀងរាល់ថ្ងៃ មនុស្សជាច្រើនក្រោកពីគេង ងូតទឹកស្លៀកពាក់ ធ្វើដំណើរទៅធ្វើការ ឬសាលារៀន ឬផ្សា ហើយក៏ត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ គេមិនដឹងថា ព្រះទ្រង់បានការពារពួកគេមិនឲ្យមានគ្រោះថ្នាក់ ប៉ុន្មានដងហើយទេ។ ប៉ុន្តែ ពេលដែលមានសោកនាដកម្មកើតឡើង យើងសួរថា “តើព្រះនៅទីណា?”
ពេលដែលខ្ញុំពិចារណា អំពីការដ៏អស្ចារ្យ ដែលព្រះបានធ្វើ ដោយសម្ងាត់ សម្រាប់យើងជារៀងរាល់ថ្ងៃ…
ភាពរញេរញៃខាងវិញ្ញាណរបស់នរណា?
មានពេលមួយ ខ្ញុំបានដើររើសសម្បកដប នៅឆ្នេរសមុទ្រ ហើយបោះចូលទៅក្នុងធុងសំរាម ដែលនៅចម្ងាយប្រហែល៦ម៉ែត្រ។ ខ្ញុំរើសបណ្តើររអ៊ូដាក់លោកចេយ(Jay) បណ្តើរថា “ធុងសំរាមនៅក្បែរហ្នឹងសោះ ហេតុអ្វីពួកគេមិនព្រមដើរទៅបោះសំរាមចូលក្នុងធុងអញ្ចឹង? តើការធ្វើឲ្យឆ្នេរសមុទ្រមានភាពរាយប៉ាយ សម្រាប់អ្នកដទៃ ធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ល្អឡើងចំពោះខ្លួនឯងឬ? ខ្ញុំសង្ឃឹមថា អ្នកចោលសំរាមនោះ សុទ្ធតែជាភ្ញៀវទេសចរណ៍។ ខ្ញុំមិនចង់គិតថា ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ កំពុងប្រព្រឹត្តចំពោះឆ្នេរសមុទ្ររបស់ខ្លួន ដោយគ្មានការគោរពយ៉ាងដូចនេះទេ”។
នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានអានចំសេចក្តីអធិស្ឋាន ដែលខ្ញុំបានសរសេរកាលពីប៉ុន្មានឆ្នាំមុន អំពីការកាត់ទោសអ្នកដទៃ។ សេចក្តីអធិស្ឋាននោះបានរំឭកខ្ញុំថា ខ្ញុំបានធ្វើខុសហើយ ដែលបានមានអំណួត នៅក្នុងការជួយសម្អាតភាពរាយប៉ាយដែលអ្នកដទៃបានបង្ករយ៉ាងដូចនេះ។ តាមពិត ខ្ញុំបានបង្ករភាពរាយប៉ាយជាច្រើន តែខ្ញុំគ្រាន់តែមិនបានចាប់អារម្មណ៍ ជាពិសេស នៅក្នុងជីវិតខាងវិញ្ញាណ។
ខ្ញុំច្រើនតែឆាប់អះអាងថា ខ្ញុំមិនអាចធ្វើឲ្យជីវិតខ្លួនឯងមានសណ្តាប់ធ្នាប់ គឺដោយសារតែអ្នកដទៃធ្វើឲ្យជីវិតខ្ញុំមានភាពរញេរញៃ។ ហើយខ្ញុំក៏ឆាប់សន្និដ្ឋានថា “សំរាម” ដែលកំពុងជះក្លិនជុំវិញខ្លួនខ្ញុំ ជារបស់អ្នកដទៃ ជាជាងថា វាជារបស់ខ្ញុំ។ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ គ្មានអ្វីដែលនៅក្រៅខ្លួនខ្ញុំ អាចថ្កោលទោស ឬធ្វើឲ្យខ្លួនខ្ញុំក៏ខ្វក់ឡើយ តែគឺមានតែអ្វីដែលនៅខាងក្នុងខ្លួនខ្ញុំប៉ុណ្ណោះ ដែលធ្វើឲ្យស្មោកគ្រោក និងគ្មានសណ្តាប់ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។
ធាតុពិតនៃសំរាម គឺជាអាកប្បកិរិយា ដែលនាំឲ្យខ្ញុំតម្រង់ច្រមុះ ទៅតាមហឹតអំពើបាបរបស់អ្នកដទៃ ដោយមិនអើពើរចំពោះក្លឹនដ៏ស្អុយនៃអំពើបាបរបស់ខ្លួនឯង។-Julie Ackerman Link
វាលរហោស្ថានខាងវិញ្ញាណ
តើវាលរហោស្ថានមានអ្វី ក្រៅពីភាពស្ងួតហួតហែង ដីហុយសំពោង ហើយនិងគ្រោះថ្នាក់នោះ។ វាជាកន្លែងដែលមានទឹកតិចតួច ពិបាកនឹងឲ្យមានជីវិតរស់នៅណាស់។ ដូចនេះ គ្មាននរណាចង់រស់នៅក្នុងវាលរហោស្ថានទេ។ ការរស់នៅក្នុងវាលរហោស្ថាន គឺពិបាកណាស់។ មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសកន្លែងបែបនេះ។ តែជួនកាល យើងធ្លាក់ខ្លួន ចូលទៅក្នុងវាលរហោស្ថាន ដោយមិនអាចជៀសបាន។
នៅគ្រាសញ្ញាចាស់ យើងឃើញថា រាស្រ្តរបស់ព្រះបានធ្លាប់ឆ្លងកាត់ការរស់នៅ ក្នុងវាលរហោស្ថាន។ ភាគច្រើននៃទឹកដី នៅតំបន់មជ្ឈិមបូព៌ា រាប់បញ្ចូលទាំងអ៊ីស្រាអែល គឺជាវាលរហោស្ថាន លើកលែងតែតំបន់ជ្រលងភ្នំយ័រដាន់ និងតំបន់នៅជុំវិញសមុទ្រកាលីឡេ។ ព្រះទ្រង់សម្រេចព្រះទ័យ “កសាងមហាគ្រួសាររបស់ទ្រង់” ក្នុងតំបន់ ដែលហ៊ុមព័ទ្ធទៅដោយវាលរហោស្ថាន ជាកន្លែងដែលទ្រង់អាចសម្តែងចេញនូវសេចក្តីល្អ ដល់កូនរបស់ទ្រង់ ពេលដែលពួកគេទុកចិត្តលើការការពារ និងការផ្គត់ផ្គង់ជាប្រចាំថ្ងៃរបស់ទ្រង់(អេសាយ ៤៨:១៧-១៩)។
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនរស់នៅក្នុងវាលរហោស្ថានខាងសាច់ឈាមទេ តែជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដែលប្រៀបបាននឹងការធ្វើដំណើរក្នុងវាលរហោស្ថាន។ ជួនកាល យើងធ្លាក់ខ្លួនចូលក្នុងស្ថានភាពបែបនោះ ដោយសារយើងមិនស្តាប់បង្គាប់ព្រះ។ នៅពេលខ្លះទៀត យើងត្រូវឆ្លងកាត់វាលរហោស្ថានខាងវិញ្ញាណ មិនមែនដោយសារការសម្រេចចិត្ត ឬទង្វើររបស់យើងទេ។ ពេលនរណាម្នាក់បោះបង់យើងចោល ឬមានជម្ងឺចូលលុកលុយក្នុងរាង្គកាយយើង យើងក៏មានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិតនៅក្នុងវាលហោស្ថាន ដែលខ្វះអាហារ និងពិបាករស់នៅ។
ប៉ុន្តែ ទោះជាយើងស្ថិតនៅក្នុងវាលរហោស្ថានខាងសាច់ឈាម ឬខាងវិញ្ញាណក្តី ចូរយើងនឹកចាំថា យើងត្រូវពឹងផ្អែកលើព្រះ ដើម្បីឲ្យព្រះអង្គទ្រទ្រង់ជីវិតយើង ជាមេរៀនមួយ…
ការកាត់ទោស និងការអត់ទោស
ក្រុមចម្រៀង សង់ អូឡូហ្វ(St. Olaf Choir) នៅក្រុងនតហ្វៀល រដ្ឋមីននេសូតា ជាក្រុមចម្រៀងដែលល្បីផ្នែកផលិតបទចម្រៀងដ៏ពិរោះៗជាច្រើន។ មូលហេតុដែលពួកគេអាចច្រៀងបទចម្រៀងបានយ៉ាងល្អប្រសើរ គឺដោយសារពួកគេជ្រើសរើសអ្នកចម្រៀងបានល្អ។ ពេលពួកគេជ្រើសរើសបេកជនចូលក្រុមចម្រៀង គេមិនគ្រាន់តែពិនិត្យមើលថា តើអ្នកនោះអាចច្រៀងបានល្អប៉ុណ្ណាទេ តែគេក៏បានមើលផងដែរថា តើសម្លេងរបស់គាត់ត្រូវនឹងសម្លេងរបស់ក្រុមទាំងមូលឬអត់។ មូលហេតុមួយទៀត ដែលពួកគេច្រៀងបានល្អ គឺដោយសារសមាជិកក្រុមចម្រៀងម្នាក់ៗ សុទ្ធតែបានសម្រេចចិត្តយកក្រុមចម្រៀងជាអាទិភាព ហើយមានការប្តេជ្ញាចិត្ត ចំពោះការហាត់សម និងចំពោះកាលវិភាគនៃការឡើងច្រៀង។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអ្វីដែលបានកើតឡើង ពេលពួកគេហាត់សម។ ពេលណាសមាជិកក្រុមចម្រៀងណាម្នាក់ធ្វើអ្វីខុស ពួកគេលើកដៃឡើង។ ពួកគេមិនបានព្យាយាមលាក់បាំងកំហុសរបស់ខ្លួនទេ តែផ្ទុយទៅវិញ ពួកគេបានបើកបង្ហាញឲ្យក្រុមរបស់ខ្លួនបានដឹង។ ការនេះបាននាំឲ្យអ្នកដឹកនាំក្រុម អាចជួយអ្នកចម្រៀងម្នាក់ៗនៅក្នុងក្រុម ឲ្យរៀនអំពីផ្នែកដែលពិបាកៗ ហើយធ្វើឲ្យការឡើងច្រៀងមានកំហុសតិចបំផុត។
ក្រុមចម្រៀងនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសហគមន៍ដែលព្រះយេស៊ូវបានបង្កើត ដែលផ្តោតទៅលើការជួយសង្រ្គោះ ជាជាងផ្តោតទៅលើការកាត់ទោស គឺដូចដែលទ្រង់មានបន្ទូលទៅកាន់លោកនីកូដេមថា ព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ (យ៉ូហាន ៣:១៧)។ បន្ទាប់ពីទ្រង់បានមានបន្ទូលមិនទាន់បានយូរប៉ុន្មានផង ទ្រង់ក៏បានជួបស្រ្តីសាសន៍សាំម៉ារីម្នាក់ នៅក្បែរអណ្តូងទឹកសាធារណៈមួយកន្លែង។ ទ្រង់បានមានបន្ទូលទៅកាន់នាង ធ្វើឲ្យនាងអាចទទួលស្គាល់កំហុស ឬអំពើបាបរបស់នាងយ៉ាងងាយស្រួល ដោយទ្រង់សន្យាថា ទ្រង់នឹងប្រទានជីវិតថ្មី ដែលល្អជាងមុន ដែលនាងអាចអរសប្បាយនឹងការអត់ទោសរបស់ទ្រង់(យ៉ូហាន ៤)។
ក្នុងនាមយើងជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ នៅលើផែនដីនេះ យើងមិនគួរមានការភ័យខ្លាច…
អាថ៌កំបាំងដែលមើលមិនឃើញ
មានបាតុភូតជាច្រើនដែលបានកើតឡើង ក្នុងចក្រវាលដែលធំឥតព្រំដែន តែភាគច្រើន យើងមិនដឹងថា មានអ្វីកើតឡើងខ្លះទេ។ មានរបស់ជាច្រើន ដែលមានរូបរាង្គតូចពេក ឬផ្លាស់ទីលឿនពេក ឬយឺតពេក ដែលធ្វើឲ្យយើងមិនអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានបច្ចេកវិទ្យាទំនើប នោះលោកលូអ៊ីស ស្វាតបឺក(Luis Schwartzberg) ដែលជាអ្នកបង្កើតខ្សែភាពយន្ត អាចបង្ហាញនូវវីដេអូស្តីអំពីរបស់ដែលតូចៗទាំងនោះ ដែលមានដូចជាមាត់របស់សត្វដង្កូវមេអំបៅ ភ្នែករបស់សត្វរុយ និងការលូតលាស់របស់ដើមផ្សិតជាដើម។
ដោយសារសមត្ថភាពយើងមានកំណត់ នោះយើងមិនអាចមើលភាពលម្អិតនៃវត្ថុទាំងឡាយ ក្នុងពិភពខាងសាច់ឈាមឲ្យបានគ្រប់ជ្រុងជ្រោយឡើយ តែការនេះបានរំឭកយើងផងដែរថា សមត្ថភាពខាងវិញ្ញាណរបស់យើងក៏មានដែនកំណត់ផងដែរ ពោលគឺយើងមិនអាចដឹងអំពីអ្វីៗទាំងអស់ ដែលកំពុងកើតឡើង ក្នុងពិភពខាងវិញ្ញាណបានឡើយ។ ព្រះទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់នៅជុំវិញខ្លួនយើង តាមរបៀបដ៏អស្ចារ្យហួសពីការស្មាន។ ប៉ុន្តែ ភ្នែកខាងវិញ្ញាណរបស់យើង មានដែនកំណត់ បានជាយើងមិនអាចមើលឃើញការអ្វីដែលទ្រង់កំពុងធ្វើ។ ទោះជាយ៉ាងណាក៏ដោយ ហោរាអេលីសេ ពិតជាបានមើលឃើញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះទ្រង់កំពុងធ្វើ។ ព្រះទ្រង់ថែមទាំងបានបើកភ្នែកអ្នកបម្រើរបស់គាត់ ដែលមានពេញដោយការកោតខ្លាច ឲ្យបានមើលឃើញកងទ័ពនៃស្ថានសួគ៌ ដែលទ្រង់បានចាត់ឲ្យមកប្រយុទ្ធជួសពួកគេ(២ពង្សាវតាក្សត្រ ៦:១៧)។
ការភ័យខ្លាច ធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ហើយមិនអាចធ្វើអ្វីកើត ហើយធ្វើឲ្យយើងគិតថា យើងកំពុងតែនៅឯកកោក្នុងពិភពលោកនេះ។ ប៉ុន្តែ ព្រះទ្រង់បានធានាយើងថា ព្រះវិញ្ញាណនៃទ្រង់ ដែលគង់នៅក្នុងយើង ទ្រង់ធំជាងអំណាចទាំងអស់ នៅក្នុងលោកិយ(១យ៉ូហាន ៤:៤)។
ពេលដែលយើងមានការបាក់ទឹកចិត្ត ដោយសារការអាក្រក់ដែលយើងមើលមិនឃើញ យើងអាចគិតអំពីការល្អដែលទ្រង់កំពុងធ្វើ ដែលយើងមិនអាចមើលឃើញនោះ។-Julie Ackerman Link
តើអំពល់អ្វីដល់អ្នក?
ជួនកាល ខ្ញុំអាចមានការបាក់ទឹកចិត្ត នៅក្នុងការខិតខំសម្រេចគោលដៅ ពេលដែលបានដឹងថា អ្នកដទៃបានសម្រេចគោលដៅនោះបានមុន ឬបានទទួលលទ្ធផលល្អជាងខ្ញុំ។ ខ្ញុំងាយនឹងមានការបាក់ទឹកចិត្តដូចនេះ ហេតុនេះហើយ ខ្ញុំក៏បានរំឭកខ្លួនឯងឲ្យបានញឹកញាប់ថា ព្រះទ្រង់បានប្រទានដល់ខ្ញុំ នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ ដើម្បីសម្រេចនូវកិច្ចការ ដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើ។
បានសេចក្តីថា ខ្ញុំមិនចាំបាច់ត្រូវមានថវិការច្រើនជាងមុន ឬចាំបាច់ត្រូវមានការធានាថា ខ្ញុំនឹងទទួលជោគជ័យនោះឡើយ។ ខ្ញុំក៏មិនចាំបាច់ត្រូវមានបរិយាកាសការងារល្អជាងមុខ ឬមានការងារថ្មីដែរ។ ខ្ញុំក៏មិនត្រូវការការយល់ព្រម ឬការអនុញ្ញាតពីអ្នកដទៃ ហើយក៏មិនត្រូវការសុខភាពល្អ ឬពេលវេលាច្រើនជាងមុនទេ។ ព្រះទ្រង់អាចប្រទានឲ្យខ្ញុំនូវរបស់ទាំងនេះ តែខ្ញុំមានអ្វីៗដែលខ្ញុំត្រូវការហើយ ដ្បិតកាលណាទ្រង់ចាត់ឲ្យខ្ញុំ បំពេញកិច្ចការអ្វីមួយ នោះទ្រង់ក៏ប្រទាននូវធនធាន មិនឲ្យខ្ញុំខ្វះអ្វីឡើយ។ អ្វីដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវប្រើពេលវេលា និងអំណោយទាន ដែលទ្រង់បានប្រទាន ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ និងថ្វាយសិរីល្អដល់ទ្រង់។
ព្រះយេស៊ូវ និងលោកពេត្រុសក៏ធ្លាប់បានសន្ទនាគ្នា អំពីបញ្ហានេះផងដែរ។ បន្ទាប់ពីបានចម្អិនអាហារពេលព្រឹក នៅលើឆ្នេរសមុទ្រកាលីឡេ ព្រះយេស៊ូវបានប្រាប់លោកពេត្រុស អំពីការអ្វីដែលនឹងកើតឡើង នៅចុងបញ្ចប់នៃជីវិតគាត់។ លោកពេត្រុសក៏បានចង្អុលទៅសាវ័កម្នាក់ទៀតរបស់ទ្រង់ ដោយទូលសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវទ្រង់ក៏បានឆ្លើយថា “តើអំពល់អ្វីដល់អ្នក?” នេះជាសំណួរដែលខ្ញុំចាំបាច់ត្រូវសួរខ្លួនឯង នៅពេលណាខ្ញុំប្រៀបធៀបខ្លួនឯង និងអ្នកដទៃ។ ហើយខ្ញុំត្រូវឆ្លើយប្រាប់ខ្លួនឯងថា “វាមិនមែនជាអ្វីដែលខ្ញុំត្រូវខ្វល់ទេ”។ កិច្ចការដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវដើរតាមព្រះយេស៊ូវ ដោយចិត្តស្មោះត្រង់ជានិច្ច។-Julie Ackerman Link
ចាញ់បោកចរន្តទឹក
ក្នុងសៀវភៅដែលមានចំណងជើងថា ខួរក្បាលដ៏អាថ៌កំបាំង អ្នកនិពន្ធផ្នែកវិទ្យាសាស្រ្ត ឈ្មោះ សានខា វេដានថាម(Shankar Vedantam) បានធ្វើការពិពណ៌នា អំពីថ្ងៃដែលគាត់បានចេញទៅហែលទឹកកម្សាន្ត។ នៅថ្ងៃនោះ ទឹកមានសភាពស្ងប់ ហើយថ្លាល្អ បានជាគាត់មានអារម្មណ៍ថា ខ្លួនគាត់ជាមនុស្សខ្លាំង និងមានមោទនភាព ដែលបានហែលទឹកបានចម្ងាយឆ្ងាយ យ៉ាងងាយស្រួល។ គាត់ក៏បានសម្រេចចិត្តហែលទឹកចេញពីឆ្នេរ ទៅរកទឹកជ្រៅ។ ប៉ុន្តែ គាត់មិនអាចហែលត្រឡប់មកវិញបាន ទោះព្យាយាមយ៉ាងណាក៏ដោយ។ តាមពិត គាត់បានចាញ់បោកចរន្តទឹក។ គាត់មានភាពងាយស្រួលនៅក្នុងការហែល ទៅរកទឹកជ្រៅ មិនមែនដោយសារកម្លាំងរបស់គាត់ទេ តែគឺដោយសារគាត់បានហែលតាមបណ្តោយខ្សែទឹកហូរ ដោយមិនដឹងខ្លួន។
ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះ ក៏អាចមានបញ្ហាកើតឡើងដូចនេះផងដែរ។ “ការចាក់បណ្តោយ” អាចនាំឲ្យយើងគិតថា ខ្លួនឯងខ្លាំងខុសពីការពិត។ ពេលជីវិតយើងមានភាពស្រួល យើងច្រើនតែគិតថា ភាពសុខស្រួលនោះ គឺបានមកពីកម្លាំង ឬសមត្ថភាពរបស់យើង។ យើងប្រែជាមានអំណួត និងទុកចិត្តខ្លួនឯង។ ប៉ុន្តែ ទាល់តែយើងមានបញ្ហា ទើបយើងដឹងថា ខ្លួនឯងមានកម្លាំង និងសង្ឃឹមតិចប៉ុណ្ណា។
បញ្ហានេះក៏បានកើតឡើងចំពោះពួកអ៊ីស្រាអែលផងដែរ។ ព្រះទ្រង់មានផែនការប្រទានពរពួកគេ ឲ្យមានជ័យជម្នះផ្នែកកងទ័ព សន្តិភាព និងភាពសម្បូរសប្បាយ។ ប៉ុន្តែ ពួកគេគិតថា ខ្លួនបានទទួលជ័យជម្នះនោះ ដោយសារកម្លាំងខ្លួនឯង បានជាពួកគេប្រែជាមានអំណួត និងការទុកចិត្តលើខ្លួនឯង(ចោទិយកថា ៨:១១-១២)។ ពួកគេក៏បានសន្និដ្ឋានថា ពួកគេមិនត្រូវការព្រះទៀតទេ…
ការទម្លាក់កំហុសឲ្យគ្នា
ខ្ញុំធ្លាប់បានទទួលការស្តីបន្ទោស ម្តងដោយសារមូលហេតុនេះ ម្តងដោយសារមូលហេតុនោះ។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភាពរបស់ខ្ញុំ ដែលបាននាំឲ្យមិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត) មានការសោកសៅ ថប់បារម្ភ និងមានអារម្មណ៍ពិបាក។ ពេលខ្លះ ខ្ញុំក៏ត្រូវគេបន្ទោស ទោះនោះមិនមែនជាកំហុសរបស់ខ្ញុំក៏ដោយ។ ប៉ុន្តែ ជួនកាល ខ្ញុំក៏បានចោទប្រកាន់អ្នកដទៃផងដែរ។ ខ្ញុំបានប្រាប់ខ្លួនឯងថា បើពួកគេមិនបានធ្វើអញ្ចឹងទេ នោះខ្ញុំក៏មិនមានបញ្ហាដូចនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការស្តីបន្ទោសធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជាយើងមានកំហុស ឬអត់ យើងមិនត្រូវ ខ្ជះខ្ជាយពេលវេលា និងកម្លាំងចិត្តជាច្រើន ក្នុងការព្យាយាមស្វែងរកអ្នកទទួលកំហុសជំនួសយើងឡើយ។
ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានប្រទាននូវដំណោះស្រាយមួយ ដែលល្អជាងនេះ។ ទោះទ្រង់គ្មានបាបសោះក៏ដោយ ក៏ទ្រង់បានទទួលអំពើបាបរបស់លោកិយ មកលើព្រះអង្គទ្រង់(យ៉ូហាន ១:២៩)។ យើងច្រើនតែហៅព្រះយេស៊ូវថា កូនចៀមសម្រាប់យញ្ញបូជា តែទ្រង់ក៏ជាពពែចុងក្រោយ សម្រាប់បំបរបង់ ដោយសារអំពើរំលងគ្រប់យ៉ាងរបស់លោកិយ(លេវីវិន័យ ១៦:១០)។
ពេលដែលយើងទទួលស្គាល់អំពើបាបរបស់យើង ហើយអនុញ្ញាតឲ្យព្រះយេស៊ូវយកអំពើបាបនោះចេញពីយើង នោះយើងមិនចាំបាច់ត្រូវលីសែងបន្ទុកនៃអំពើរំលងរបស់យើងទៀតឡើយ។ យើងអាចឈប់បន្ទោសអ្នកដទៃ ដោយសារបញ្ហារបស់យើង ហើយយើងអាចឈប់ទទួលកំហុស ដែលអ្នកដទៃបានព្យាយាមទម្លាក់មកលើយើង។
សូមអរព្រះគុណព្រះយេស៊ូវ ដែលយើងខ្ញុំអាចឈប់បន្ទោសគ្នាទៅវិញទៅមក។-Julie Ackerman Link
គ្រូពេទ្យដែលអស្ចារ្យបំផុត
វេជ្ជបណ្ឌិតដែលខ្ញុំស្គាល់ សុទ្ធសឹងជាមនុស្សឆ្លាត ខិតខំធ្វើការ និងមានចិត្តអាណិត ចំពោះអ្នកដទៃ។ ពួកគេបានជួយសម្រាលទុក្ខរបស់ខ្ញុំ ជាច្រើនដងមកហើយ ហើយខ្ញុំមានការដឹងគុណចំពោះពួកគេ សម្រាប់ការដែលពួកគេពូកែពិនិត្យជម្ងឺ ចេញវេជ្ជបញ្ជា តឆ្អឹងដែលបាក់ និងដេរមុខរបួសឲ្យខ្ញុំជាដើម។ ប៉ុន្តែ ការនេះមិនមានន័យថា ខ្ញុំទុកចិត្តគ្រួពេទ្យ ជាងព្រះនោះឡើយ។
ដ្បិតខ្ញុំដឹងថា ព្រះទ្រង់បានជ្រើសតាំងមនុស្ស ឲ្យធ្វើការជាដៃគូជាមួយទ្រង់ នៅក្នុងការថែរក្សាស្នាព្រះហស្តរបស់ទ្រង់(លោកុប្បត្តិ ២:១៥) ហើយគ្រូពេទ្យបានសិក្សាវិទ្យាសាស្ត្រសុខាភិបាល ហើយបានរៀនសូត្រអំពីរបៀបដែលព្រះបានបង្កើតរូបកាយមនុស្ស។ ពួកគេបានប្រើចំណេះដឹងនេះ ដើម្បីជួយស្អាងយើង ឲ្យមានសុខភាពល្អឡើងវិញ។ ប៉ុន្តែ មូលហេតុដែលគ្រូពេទ្យអាចព្យាបាល គឺដោយសារព្រះទ្រង់បានបង្កើតរូបកាយយើងមក ឲ្យមានសមត្ថភាពព្យាបាលខ្លួនឯង។ គ្រូពេទ្យវះកាត់នឹងមិនអាចព្យាបាលអ្នកជម្ងឺបានឡើយ បើសិនជាមុខរបួសដែលគាត់បានដេរនោះ មិនព្រមជាដោយខ្លួនឯងទេនោះ។
អ្នកវិទ្យាសាស្រ្តអាចរៀនដឹង អំពីរបៀបដែលព្រះបានបង្កើតរូបកាយយើង ឲ្យមានមុខងារផ្សេងៗ ហើយពួកគេក៏បានបង្កើតថ្នាំ និងវិធីព្យាបាល ឲ្យយើងមានសុខភាពល្អឡើងវិញ ឬជាពីជម្ងឺ ប៉ុន្តែ ពួកគេមិនមែនជាអ្នកប្រោសឲ្យជាទេ គឺព្រះទេដែលបានប្រោសមនុស្សឲ្យជា(និក្ខមនំ ១៥:២៦)។ គ្រូពេទ្យគ្រាន់តែបានសហការជាមួយបំណងព្រះទ័យ និងការរចនាដែលទ្រង់មានសម្រាប់រូបកាយយើង។ និយាយរួម ព្រះទ្រង់បានប្រើមនុស្ស និងថ្នាំពេទ្យដើម្បីព្យាបាលជម្ងឺទាំងពួង។
ដូចនេះ ខ្ញុំមានការដឹងគុណចំពោះវិទ្យាសាស្រ្ត និងគ្រូពេទ្យ តែខ្ញុំសូមសរសើរ និងអរព្រះគុណព្រះជាពិសេស ដ្បិតទ្រង់បានរចនាចក្រវាលមក ឲ្យមានរបៀបរៀបរយ ហើយបានបង្កើតយើងមកឲ្យមានគំនិត ដែលអាចស្វែងយល់ ពីរបៀបដែលអ្វីៗទាំងអស់មានដំណើរការ។ សរុបមក…
អាពាហ៍ពិពាហ៍ដ៏ល្អបំផុត
ប្រហែលជាជាង៨០០ឆ្នាំមុន គេបានបន្ថែមប្រពៃណីថ្មីមួយ នៅក្នុងពិធីមង្គលការរបស់ជនជាតិយូដា។ ប្រពៃណីនោះ បានតម្រូវឲ្យកូនកំលោះជាន់បំបែកកែវស្រាទំពាំងបាយជូរ នៅចុងបញ្ចប់នៃពិធីមង្គលការ។ ត្រង់ចំណុចនេះ គេបានបកស្រាយថា ការបំបែកកែវស្រាដូចនេះ ជានិមិត្តរូប តំណាងឲ្យការបំផ្លាញព្រះវិហារក្រុងយេរូសាឡិម ដោយចក្រភពរ៉ូម៉ាំង ក្នុងឆ្នាំ៧០នៃគ្រីស្ទសករាជ។ ពេលដែលប្តីប្រពន្ធថ្មោងថ្មី ចាប់ផ្តើមកសាងគ្រួសារ ក្រោមដំបូលផ្ទះតែមួយ គេបានលើកទឹកចិត្តអ្នកទាំងពីរ ឲ្យនឹកចាំថា ដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិមត្រូវបានគេបំផ្លិចបំផ្លាញ កាលពីសម័យនោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនដែលគ្មានផ្ទះ សម្រាប់គង់នៅឡើយ។ ទ្រង់គ្រាន់តែបានជ្រើសរើសកន្លែងថ្មីមួយ សម្រាប់គង់នៅ គឺគង់នៅក្នុងចិត្តយើងម្នាក់ៗ ដែលជាអ្នកដើរតាមទ្រង់។ ព្រះគម្ពីរបានប្រៀបប្រដូចអ្នកជឿព្រះ ទៅនឹងកូនក្រមុំរបស់ព្រះគ្រីស្ទ និងព្រះវិហារដែលព្រះគង់នៅ។ ព្រះទ្រង់បានប្រមូលរាស្រ្តរបស់ទ្រង់ ឲ្យមូលមកតែមួយ ដើម្បីសង់ផ្ទះថ្មីមួយ ធ្វើជាដំណាក់របស់ទ្រង់ជារៀងរហូត។ ទន្ទឹមនឹងនោះ ក៏ទ្រង់កំពុងតែរៀបចំកូនក្រមុំរបស់ទ្រង់ ហើយរៀបផែនការសម្រាប់អាពាហ៍ពិពាហ៍មួយ ដែលនឹងរាប់បញ្ចូលសមាជិកនៃគ្រួសារព្រះទាំងអស់ ចាប់តាំងដើមកំណើតផែនដី។
យើងមានចំណែកដែលត្រូវបំពេញក្នុងនោះ ដែលកិច្ចការនោះមានភាពងាយស្រួលទេ ទោះបីជាជួនកាល មានការឈឺចាប់ក៏ដោយ។ យើងត្រូវសហការជាមួយព្រះ ខណៈពេលដែលទ្រង់កំពុងធ្វើការក្នុងជីវិតយើង ដើម្បីឲ្យយើងផ្លាស់ប្រែ កាន់តែដូចព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាទ្រង់។ បន្ទាប់មក នៅថ្ងៃមួយ ព្រះអម្ចាស់នៃយើង នឹងថ្វាយយើងដែលជាពួកជំនុំដល់ព្រះ ដោយគ្មានប្រឡាក់ ឥតជ្រួញ។ យើងបានបរិសុទ្ធ ឥតមានកន្លែងបន្ទោសបាន(អេភេសូរ ៥:២៧)។ មង្គលការនៃព្រះអម្ចាស់ នឹងនាំមកនូវការបញ្ចប់នៃទុក្ខព្រួយ…